ឃាត់ខ្លួនជនសង្ស័យវាយប្រហារដោយទឹកអាស៊ីតទាក់ទងរឿង អ៊ិន សូលីដា
រាជធានីភ្នំពេញ ៖ ហេតុការណ៍វាយប្រហារដោយទឹកអាស៊ីតកាលពីពាក់កណ្តាលសប្តាហ៍កន្លងមកនេះ នៅតែមិនទាន់ដឹងថា ហេតុផលនៃការវាយប្រហារដោយទឹកអាស៊ីតនេះ មានគោលដៅទៅលើអ្វីនៅឡើយ ទេ តែដោយសារស្ត្រីដែលរងគ្រោះត្រូវជាម្តាយមីងរបស់អតីតបវរកញ្ញាទេសចរណ៍អន្តរជាតិ នាង អ៊ិន សូលីដា ដែលកំពុងបាត់ខ្លួនជាអាថ៌កំបាំង ទើបរឿងរ៉ាវនេះបានក្លាយទៅជាការតាមដានពីមជ្ឈដ្ឋាននានា ហើយក៏ស្របគ្នាដែលក្រុមគ្រួសាររបស់នាងអ៊ិន សូលីដា មានការចលាចលបន្ទាប់ពីមានការវាយប្រហារនេះ ដោយនាំគ្នាស្វែងរកកិច្ចការពារពីសំណាក់ស្ថាប័នមានសមត្ថកិច្ចផងដែរ គឺមានន័យថា គ្រួសាររបស់នាង បានគេចខ្លួនចេញពីផ្ទះ និងកំពុងលាក់ខ្លួននៅកន្លែងដែលគេមិនប្រាប់ឱ្យដឹង ។
ទាក់ទិននឹងនាងអ៊ិន សូលីដា ដែលបាត់ខ្លួន និងការតាមរកពីសំណាក់លោកស្រី ជា រដ្ឋា ដែលបច្ចុប្បន្ន លោកស្រីជានាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ធ្វើឱ្យរឿងរ៉ាវនេះមានស្ថានភាព ស្មុគស្មាញដែរ ព្រោះតែក្រុមគ្រួសារនេះបានដាក់ពាក្យបណ្តឹងដោយចោទប្រកាន់លោកស្រីថា បានគំរាម កំហែងដោយមានថតជាសំលេងតាមទូរស័ព្ទផងដែរទៅលើអ្នកស្រីយ៉ា សុខនីម ដែលរងគ្រោះដោយទឹក អាស៊ីតយ៉ាងធ្ងន់ធ្ងរ។ តាមប្រភពព័ត៌មាននានាបានឱ្យដឹងថា លោកស្រី ជា រដ្ឋា ដែលស្ថិតនៅប្រទេស ចិនបានបដិសេធ ។ ទោះបីជាបែបណាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ គួរបញ្ជាក់ថា ការវាយប្រហារដោយទឹកអាស៊ីតទៅលើអ្នកស្រីយ៉ា សុខនីម មិនមែនជាការជួបដោយចៃដន្យនោះទេ តែជាការតាមប្រមាញ់ដោយមានចេតនាជាមុនយ៉ាងពិតប្រាកដ ។
មកដល់ពេលនេះអ្នកស្រីយ៉ា សុខនីម អាយុ៣៦ឆ្នាំ ត្រូវជាម្តាយមីងបង្កើតរបស់នាង អុន៉ិ សូលីដា ដែលទទួលរងនូវការវាយប្រហារដោយទឹកអាស៊ីតកាលពីថ្ងៃទី៨ ឧសភា នៅមុខសមាគមគ្លីនិករ៉ាក់ ស្ថិត ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ដោយជនមិនស្គាល់អត្តសញ្ញាណនោះ ត្រូវបានបញ្ជូនទៅ ព្យាបាលបន្តនៅប្រទេសវៀតណាមកាលពីព្រឹកថ្ងៃទី១០ ឧសភា ដោយសារស្ថានភាពរបួសមានសភាព ធ្ងន់ធ្ងរ ។
ទាក់ទិននឹងរឿងរ៉ាវខាងលើនេះ នៅព្រឹកថ្ងៃទី១១ ឧសភា អ្នកយកព័ត៌មានកោះសន្តិភាពបានទូរស័ព្ទ ទំនាក់ទំនងជាមួយអ្នកស្រី យ៉ា ស៊ីយ៉េត ដែលត្រូវជាម្តាយរបស់នាងអ៊ិន សូលីដា និងជាបង បង្កើតរបស់អ្នកស្រីយ៉ា សុខនីម ដែលរងគ្រោះបានរៀបរាប់ថា ប្អូនស្រីរបស់គាត់ត្រូវបានបញ្ជូនទៅ ព្យាបាលរបួសនៅប្រទេសវៀតណាមបាត់ហើយ។ អ្នកស្រីបន្តថា ប្អូនស្រីរបស់គាត់បានទូរស័ព្ទប្រាប់គាត់ថា រឿងរបស់ក្មួយសោះ បែរជាមានអ្នកតាមធ្វើបាបគាត់ទៅវិញ។ លើសពីនេះទៅទៀតប្អូនស្រីគាត់យ៉ា សុខនីម បានសំណូមពរទៅសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សូមមេត្តាជួយការពារប្តីរបស់គាត់ផង ពីព្រោះ ពេលនេះឃាតកតាមធ្វើបាបរូបគាត់ដូច្នេះ គាត់មានការព្រួយបារម្ភអំពីសុវត្ថិភាពប្តី និងកូនរបស់គាត់ ខ្លាំងណាស់ ។ ការលើកឡើងបែបនេះ គឺប្អូនស្រីរបស់គាត់បាននិយាយទាំងយំស្រែកព្រោះតែការឈឺ ចាប់ដែលគេទទួលរងគ្រោះក្នុងអំពើថោកទាប ដោយសារមានគេតាមព្យាបាទក្នុងរូបភាពវាយប្រហារ ដោយទឹកអាស៊ីតបែបនេះ ។ អ្នកស្រីជាម្តាយនាង អ៊ិន សូលីដា បានអំពាវនាវតាមកោះសន្តិភាពថា រូបគាត់សូមធ្វើសំណូមពរទៅដល់ស្ថាប័នជាតិក៏ដូចជាអង្គការសិទ្ធិមនុស្សដែលការពារអាយុជីវិត ប្រជា ពលរដ្ឋស្លូតត្រង់ ដែលកំពុងជួបប្រទះនូវការភិតភ័យ អំពីសុវត្ថិភាពនៃការរស់នៅសូមមេត្តាជួយផ្តល់ សិទ្ធិរស់នៅដល់ក្រុមគ្រួសារគាត់ផង ព្រោះសព្វថ្ងៃគាត់លែងហ៊ានរស់នៅក្នុងស្ថានភាពធម្មតាដូចមុនទៀត ហើយ ដោយសារមានមនុស្សតាមព្យាបាទក្រុមគ្រួសារគាត់។ ជាមួយនឹងការភ័យខ្លាចក្នុងការរស់នៅនេះ ដែរ អ្នកស្រីយ៉ា ស៊ីយ៉េត ដែលជាម្តាយបង្កើតរបស់នាងអ៊ិន សូលីដា ព្រមទាំងបងប្អូននិងក្រុមគ្រួសារ ចំនួន៦គ្រួសារ បាននាំគ្នារស់ក្នុងស្ថានភាពលាក់ខ្លួន ដោយការភិតភ័យស្ទើរគ្រប់គ្នាទាំងអស់ ព្រោះ ខ្លាចទទួលរងនូវការតាមព្យាបាទដោយប្រការផ្សេងៗពីអ្នកដទៃ។
លោកស្រីជា រដ្ឋា នៅតែពុំអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញរឿងរ៉ាវតាមរកនាង អ៊ិន សូលីដា ។ កោះ សន្តិភាពរង់ចាំទទួលការបកស្រាយពីលោកស្រី ជា រដ្ឋា ជានិច្ច ដរាបណាលោកស្រីមានការបញ្ជាក់ ព័ត៌មានដែលពាក់ព័ន្ធរវាងលោកស្រីនិងនាងអ៊ិន សូលីដា រួមជាមួយក្រុមគ្រួសាររបស់នាងផងដែរ ។
តាមប្រភពព័ត៌មានមួយដែលធ្លាយចេញពីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឱ្យដឹងថា សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជំនួយការលោកស្រី ជា រដ្ឋា ម្នាក់គឺលោកអ៊ា វុទ្ធី យកមកធ្វើការសួរនាំ ព័ត៌មានជុំវិញបាតុភាពដែលបានកើតឡើង ប៉ុន្តែសមត្ថកិច្ចពុំបានបញ្ជាក់ព័ត៌មានពិស្តារជុំវិញការឃាត់ខ្លួន ជំនួយការលោកស្រីជា រដ្ឋា នេះឡើយ ព្រោះជានីតិវិធីនៃការសាកសួរតែប៉ុណ្ណោះ ។ (ពត៍មានល្អពីអាស៊ីសេរី)
