Forkhmer Cambodia Angkor News Songs

សូមស្វាគមន៍ បងប្រុស បងស្រី ជាទីស្រលាញ់ អរគុណណាស់ដែលបានចូលមកមើលប្លករបស់ខ្ញុំ...ហើយប្រសិនបើបងប្រុសបងស្រីចង់ទាក់ទងខ្ញុំសូមអញ្ជើញផ្ញើអ៊ីម៉ែលមកខ្ញុំ.....
ពត៍មានក្នុងប្រទេសMay 13, 2008 8:31 am

សមាគម​គ្រូ​បង្រៀន​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា អតិផរណា​ទំនិញ​ឡើង​ថ្លៃ បាន​កើន​ឡើង​នៅ​តាម​សាលា​រៀន​ភាគ​ច្រើន​។ នោះ​គឺ​គ្រូ​បង្រៀន​បាន​បោះ​បង់​ការ​បង្រៀន​ដោយ​សារ​តែ​វិបត្តិ​ជីវភាព​រស់​ នៅ។ ចំណែក​អាណាព្យាបាល ក៏​បាន​បញ្ឈប់​កូន​ពី​សាលា​រៀន​ដើម្បី​ធ្វើ​ការ​ងារ​រក​ប្រាក់​ចំណូល​ សម្រាប់​គ្រួសារ។ នៅ​តាម​សាលា​រៀន​ខ្លះ​ទៀត សិស្សានុសិស្ស​មួយ​ចំនួន​ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ការ​សិក្សា ព្រោះ​តែ​មិន​មាន​ប្រាក់​បង់​ថ្លៃ​សាលា។

តម្លៃ​អតិផរណា​ទំនិញ​ឡើង​ថ្លៃ​ហក់​ឡើង​យ៉ាង​គំហុក​នា​ពេល​បច្ចុប្បន្ន​ ភាព​នេះ ត្រូវ​បាន​សមាគម​គ្រូ​បង្រៀន​របស់​លោក​រ៉ុង ឈុន ប្រកាស​ថា នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​សិក្សា​នៅ​តាម​សាលា​រៀន​ភាគ​ច្រើន។ សាលា​រៀន​ខ្លះ​ត្រូវ​គ្រូ​បង្រៀន​ឈប់​ទៅ​បង្រៀន និង​ខ្លះ​ទៅ​បង្រៀន​មិន​ទៀត​ទាត់​ដោយ​សារ​គ្រូ​ជួប​វិបត្តិ​ជីវភាព​រស់​នៅ។ គ្រូ​បង្រៀន​សព្វ​ថ្ងៃ​ត្រូវ​ចំណាយ​ខ្ពស់ តែ​ប្រាក់​ខែ​ទាប ទទួល​បាន​ជា​មធ្យម​តែ​ ២០​ម៉ឺន​រៀល ប្រមាណ​តែ​ ៥០ ដុល្លា​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។ ប្រាក់​ខែ​ទាប​នេះ​ហើយ​ដែល​នាំ​ឲ្យ​គ្រូ​បង្រៀន​យក​ពេល​វេលា​បង្រៀន​សិស្ស​ ទៅ​ប្រកប​របរ​ផ្សេង​ដើម្បី​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ ចំណែក​នៅ​សាលា​ខ្លះ​ទៀត​អាណាព្យាបាល​បាន​បញ្ឈប់​កូន​ពី​សាលា​ដើម្បី​ឲ្យ​ជួយ ​ធ្វើ​ការ​ងារ​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។ អតិផរណា​ទំនិញ​ឡើង​ថ្លៃ ក៏​បាន​ធ្វើ​ឲ្យ​សិស្ស-និស្សិត​មួយ​ចំនួន​ទៀត​សម្រេច​ចិត្ត​បោះបង់​ការ​ សិក្សា​ព្រោះ​តែ​មិន​មាន​លទ្ធភាព​បង់​ថ្លៃ​សាលា។

សមាគម​គ្រូ​បង្រៀន​របស់​ លោក​រ៉ុង ឈុន បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​អតិផរណា​ទំនិញ​ឡើង​ថ្លៃ ដោយ​គ្រាន់​តែ​បញ្ចុះ​តម្លៃ​ពន្ធ​នាំ​ចូល​ឲ្យ​ពាណិជ្ជករ​ចំណេញ​តិច និង​បើក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ទូលាយ។ ក៏​ប៉ុន្តែ​ដំណោះ​ស្រាយ​លើ​ដំណោះ​ស្រាយ​លើ​បញ្ហា​អតិផរណា​ទំនិញ​ឡើង​ថ្លៃ ត្រូវ​បាន​មន្រ្តី​រដ្ឋាភិបាល​អះ​អាង​ថា រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​ជា​បន្ទាន់​រួច​ហើយ។ ជា​អាទិ៍​មាន​ការ​បើក​ឲ្យ​នាំ​ត្រី​សាច់​ចូល​ពី​ក្រៅ និង​ការ​រារាំង​មិន​ឲ្យ​នាំ​អង្ករ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ជា​ដើម។ ចំណែក​បញ្ហា​ជីវភាព​រស់​នៅ​របស់​គ្រូ​បង្រៀន​វិញ​ត្រូវ​បាន​ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​លោក​ជា សែ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ដោះ​ស្រាយ​តាម​រយះ​ការ​ដំឡើង​ប្រាក់​ខែ​ជា​បន្តបន្ទាប់។ អំពី​ការ​បោះ​បង់​ការ​សិក្សា​របស់​សិស្ស​-និស្សិត លោក​អនុរដ្ឋលេខាធិការ​ក៏​បាន​ទទួល​ស្គាល់​ថា កើត​មាន​នៅ​តាម​ទី​ជនបទ​មួយ​ចំនួន។ តែ​កើត​ឡើង​ចំពោះ​សិស្ស​នារី​ដែល​ឳពុក​ម្តាយ​ឲ្យ​ឈប់​រៀន​ដើម្បី​ចូល​ ធ្វើការ​នៅ​រោង​ចក្រ​កាត់​ដេរ​ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ មិនមែន​ឈប់​រៀន​ដោយ​សារ​តែ​ទំនិញ​ឡើង​ថ្លៃ ឬ​មិន​មាន​លទ្ធភាព​បង់​ថ្លៃ​សាលា​នោះ​ឡើយ៕ (ដោយៈ ស្ត្រី)

ពត៍មានក្នុងប្រទេស 8:29 am


ព្រះ​ករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្ដម​ សីហមុនី ព្រះ​មហាក្សត្រ​នៃ​កម្ពុជាព្រះ ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រះ​ករុណា​សម្ដេច ព្រះ​នរោត្តម​សីហមុនី ទ្រង់​ប្រសូត​នា​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​១៩៥៣ នៅ​ទីក្រុង​ភ្នំពេញ។ ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​របស់​សម្ដេច​ព្រះ​នរោត្ដម​សីហនុ ព្រះ​មហា​វីរ​ក្សត្រ និង​សម្ដេច​ព្រះ​វរ​រាជ​មាតា នរោត្ដម មុនីនាថ សីហនុ។

ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦២ ព្រះ​អង្គ​ទ្រង់​សិក្សា​នៅ​សាលា​បឋម​សិក្សា​ព្រះ​នរោត្ដម​ បន្ទាប់​មក​ចូល​សិក្សា​នៅ​សាលា​ដេកាត​បារាំង ក្រុង​ភ្នំពេញ។ ពី​ឆ្នាំ​១៩៦៧ មក​ ១៩៧១ ទ្រង់​សិក្សា​សិល្បៈ (របាំ ដូរ​តន្ត្រី ល្ខោន) នៅ​ឯ​វិជ្ជា​ឋាន​អភិរក្ស​ជាតិ​ទីក្រុង​ប្រាក។ ឆ្នាំ​១៩៧០ ទ្រង់​ប្រឡង​ជាប់​សញ្ញាប័ត្រ​បាក់​កាឡូរេអា នៅ​ទីក្រុង​ប្រាក​និទ្ទេស​ល្អ​ណាស់។ ឆ្នាំ​១៩៧១ ទ្រង់​ទទួល​រង្វាន់​លេខ​មួយ​ខាង​របាំ​ក្លាស៊ិក​នៃ​វិជ្ជា​ឋាន​អភិរក្ស​ជាតិ​ ក្រុង​ប្រាក។ ឆ្នាំ​១៩៧១ ដល់​១៩៧៥ ទ្រង់​សិក្សា​សាលា​ជាន់​ខ្ពស់​នៃ​របាំ​ដូរតន្ត្រី និង​ល្ខោន​នៅ​បណ្ឌិត​សភា​សិល្បៈ​ដូរ​តន្ត្រី​ក្រុង​ប្រាក។ ឆ្នាំ​១៩៧៥​ទ្រង់​ទទួល​សញ្ញាប័ត្រ​សិក្សា​ជាន់​ខ្ពស់​ខាង​សិល្បៈ (របាំ ដូរតន្ត្រី​​ ល្ខោន) នៃ​បណ្ឌិត​សភា​សិល្បៈ​ដូរតន្ត្រី​ក្រុង​ប្រាក។ ឆ្នាំ​១៩៧៥ ទ្រង់​ជា​អ្នក​សរសេរ​និក្ខេបបទ​ស្ដី​ពី​ទស្សនាទាន និង​ការ​គ្រប់​គ្រង​សាលា​សិល្បៈ​​នៅ​កម្ពុជា។ ឆ្នាំ​១៩៧៥-១៩៧៦ ទ្រង់​សិក្សា​ថ្នាក់​ខ្ពស់​ខាង​ថត​ខ្សែ​ភាពយន្ត​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ ប្រជាធិបតេយ្យ​កូរ៉េ។ ឆ្នាំ​១៩៨១ ទៅ​ ២០០០ ទ្រង់​ជា​សាស្ត្រាចារ្យ​ខាង​របាំ​ក្លាស៊ិក និង​គរុកោសល្យ​សិល្បៈ​នៅ​វិជ្ជា​ឋាន​អភិរក្ស MARIUS PETIPA នៅ​វិជ្ជា​ឋាន​អភិរក្ស​ GARRIEL FAURE និង​នៅ​វិជ្ជា​ឋាន​អភិរក្ស W.A.MOZART នៃ​ទីក្រុង​ប៉ារីស។

ឆ្នាំ​១៩៨៨ ដល់​១៩៩៣ ទ្រង់​ជា​អគ្គនាយក និង​សិល្បករ​នៃ​សមាគម​ថត​ខ្សែ​ភាព​យន្ត​ខ្មែរ​ខេមរា។ ឆ្នាំ​១៩៩២ ដល់​១៩៩៣ ទ្រង់​ត្រូវ​បាន​ជ្រើស​តាំង​ជា​ឯកច្ឆន្ទ ដោយ​បណ្ដា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​របស់​កម្ពុជា​ជា​តំណាង​ អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អ.ស.ប។ ឆ្នាំ​១៩៩៣ ដល់​២០០៣​ទ្រង់​ជា​ឯកអគ្គរាជទូត​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ ​យូនេស្កូ។

ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​១៩៩៤ ទ្រង់​ត្រូវ​បាន​ថ្វាយ​ព្រះ​បរម​ងារ​ជា​សម្ដេច​ក្រុម​ឃុន។ ខែ​មករា ឆ្នាំ​២០០៤​ទ្រង់​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ផ្ទាល់​របស់​ព្រះ​មហាក្សត្រ។ ក្រៅ​ពី​ភាសា​ខ្មែរ​ទ្រង់​ចេះ​ភាសា​បារាំង អង់គ្លេស និង​ឆេក៕ (ពត៍មានល្អដោយៈ ស្ត្រី)

ខ្ញុំមានមោទនភាពណាស់ដោយបានប្រិយមិត្តចូលមកទស្សនា ហើយសូមឲ្យប្រិយមិត្តជួបប្រទះនៅតែសេចក្តីសុខគ្រប់ពេលវេលា សូមអរគុណ.....