សម្បត្តិ ​ធនធាន​ និង​សម្បត្តិ​មរតក​វប្បធម៌​ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា​ កាន់​តែ​ច្រើន​ ហើយ​វិស័យ​នេះ​បាន​ និង​កំពុង​នាំ​មុខ​គេ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ។​ ភាព​ជោគជ័យ​ទាំងនេះ​ បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ដូចជា​ ប្រាង្គ​ប្រាសាទ​ រមណីយដ្ឋាន​ សមុទ្រ​ នយោបាយ​ សន្តិសុខ​ ប្រព័ន្ធ​គមនាគមន៍​ សេវាកម្ម​ផ្ទះ​សំណាក់។​ កាល​ពី​ឆ្នាំ​ ២០០៧​ កន្លង​មក​ ភ្ញៀវ​ទេសចរ​បាន​កើន​ឡើង​ជិត​ ២​លាន​នាក់​ ហើយ​នៅ​ឆ្នាំ​ ២០០៨​នេះ​ គេ​រំពឹង​ថា​ ភ្ញៀវ​ទេសចរ​នឹង​មក​ទស្សនា​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ ២,៤​លាន​នាក់។

វិស័យ​ទេសចរណ៍​ ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​ប្រភេទ​ ដែល​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការ​រីកចម្រើន​ ហើយ​បាន​ទាក់ទាញ​មនុស្ស​គ្រប់​ជាតិសាសន៍​ឲ្យ​មក​ទស្សនា​ជា​ហូរហែ​ជា​រៀងរាល់ ​ថ្ងៃ។

នៅ​ឆ្នាំ​ ២០០៧​ កន្លង​មក​នេះ​ បើ​តាម​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ទេសចរណ៍​បាន​អះអាង​ថា​ មាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជិត​ ២​លាន​នាក់​ ដែល​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ខេត្ត​ -​ ក្រុង​ ដែល​មាន​ភ្ញៀវ​ទៅ​ទស្សនា​ច្រើន​ជាង​គេ​ គឺ​ក្រុង​ភ្នំពេញ​ ខេត្ត​សៀមរាប​ និង​ក្រុង​ព្រះសីហនុ។​ តាម​រយៈ​ភ្ញៀវ​ទេសចរ​ទាំង​នេះ​ បាន​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ទេសចរណ៍​មាន​ការងារ​ធ្វើ​អាច​រក​ ប្រាក់​ចំណូល​សម្រាប់​គ្រប់គ្រង​គ្រួសារ​កាន់​តែ​ប្រសើរ​ និង​រួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជាពលរដ្ឋ​ថែម​ទៀត​ផង។

តំបន់​ទេសចរណ៍​សំខាន់ៗ

កម្ពុជា​សម្បូរ​ទៅ​ដោយ​សក្ដានុពល​វប្បធម៌​ ធនធាន​ធម្មជាតិ​ ប្រាង្គ​ប្រាសាទ​ពាសពេញ​ផ្ទៃ​ប្រទេស​ រមណីយដ្ឋាន​សមុទ្រ​បឹងបួ​ ព្រៃភ្នំ​ក្រំ​ថ្ម​ ជា​ពិសេស​ ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​ដែល​ជា​សម្បត្តិ​អច្ឆរិយ​នៅ​លើ​ពិភពលោក​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

បើ​តាម​ឯកសារ​របស់​លោក​ យ៉ង​ វ៉ន​ ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​ទេសចរណ៍​នៃ​ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​ថា​ "តំបន់​ទេសចរណ៍​សំខាន់ៗ​ចំនួន​ ១៣១២​កន្លែង​ រមណីយដ្ឋាន​ធម្មជាតិ​មាន​ ១០២​កន្លែង​ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ ១២៦៩​កន្លែង​ រមណីយដ្ឋាន​កែច្នៃ​ ៤១​កន្លែង​ និង​រមណីយដ្ឋាន​ ដែល​ទើប​រក​ឃើញ​មិន​ទាន់​រាប់​បញ្ចូល​មួយ​ចំនួន​ទៀត"។

ក្រៅ​ពី​បញ្ហា​នេះ​ វិស័យ​ទេសចរណ៍​ក៏​មាន​ការ​រួម​ចំណែក​ពី​កត្តា​ជា​ច្រើន​ទៀត​ដូចជា​ ប្រព័ន្ធ​គមនាគមន៍​ផ្លូវ​គោក​ ទឹក​ និង​អាកាស​ មាន​ការ​ងាយ​ស្រួល​ដល់​ភ្ញៀវ​ទេសចរ។​ ចំណែក​ឯ​ចំនួន​សណ្ឋាគារ​ ផ្ទះ​សំណាក់​ អាហារដ្ឋាន​ មាន​ព្រោងព្រាត​ពាសពេញ​ផ្ទៃ​ប្រទេស​ មាន​តម្លៃ​សមរម្យ​សម្រាប់​បម្រើ​តាម​សេចក្ដី​ត្រូវ​ការ​​របស់​ភ្ញៀវ​មិន​ឲ្យ ​ទាស់​ចិត្ត​​ឡើយ។

បើ​តាម​ឯកសារ​របស់​លោក​ យ៉ង​ វ៉ន​ បញ្ជាក់​ថា​​ការ​ដែល​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា​ច្រើន​នោះ​ មាន​កត្តា​ជា​ចម្បង​ផ្សេង​ទៀត​ដូចជា​ ចំនួន​ភ្នាក់ងារ​ទេសចរ​ទាំង​ក្រុមហ៊ុន​ជាតិ​​ និង​អន្តរជាតិ​​អ្នក​មគ្គុទ្ទេសក៏​ទេសចរ​មាន​ការ​កើន​ឡើង​​​ និង​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំពេញ​ អាកាស​យានដ្ឋាន​ខេត្ត​សៀមរាប​ កំពុង​ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ។ ជា​ពិសេស​ នៅ​តាម​ព្រំដែន​ជាប់​ប្រទេស​ជិត​ខាង​ ក៏​មាន​​បើក​ច្រក​ឲ្យ​ភ្ញៀវ​ឆ្លងកាត់​ដែរ​ ខេត្ត​ស្វាយរៀង​ (បាវិត) កណ្ដាល​ ព្រៃវែង​ (ក្អម​សំណ​ និង​កោះរកា)​ ខេត្ត​កោះកុង​ (ចាំយាម)​ បន្ទាយមានជ័យ​ (ប៉ោយប៉ែត)​ ឧត្តរមានជ័យ​​(អូរស្មាច់​ និង​ជាំ)​ និង​ខេត្ត​ព្រះវិហារ​ (ជាំ​ក្សាន្ត)…។

ការ​ដែល​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​​តែ​ច្រើន​នោះ​ ត្រូវ​បាន​លោក​ មឿន​ សុន​ ប្រសាសន៍​ថា​ បណ្ដាល​មក​ពី​កត្តា​២​យ៉ាង​ គឺ​ទី​១​ ប្រទេស​ខ្មែរ​មាន​ប្រាសាទ​ច្រើន​ខុស​ប្លែក​ពី​គេ​​ដែល​ប្រទេស​ដទៃ​គ្មាន​ ជា​ពិសេស​នៅ​ខេត្ត​សៀមរាប។ ទី​២​ ជនជាតិ​ខ្មែរ​ មាន​វប្បធម៌​ពិសេស​ខុស​ប្លែក​ពី​គេ​ ដែល​អាច​ទាក់ទាញ​ឲ្យ​អ្នក​​ទេសចរ​មក​ទស្សនា​ស្រុក​យើង។ ម្យ៉ាង​ទៀត​កំណើន​ភ្ញៀវ​ទេសចរ​នេះ​បណ្ដាល​មក​ពី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ ល្អ​លើ​គ្រប់​វិស័យ​ មាន​សន្តិសុខ​ល្អ​បង្ក​លក្ខណៈ​ដល់​ភ្ញៀវ​ក្នុង​ដំណើរ​កម្សាន្ត។

ភ្ញៀវ​ទេសចរ​កូរ៉េ​ខាង​ត្បូង​ជាប់​លំដាប់​លេខ​១​

បើ​តាម​ប្រសាសន៍​លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ភ្ញៀវ​ពី​តំបន់​អាស៊ី​មក​ទស្សនា​កម្ពុជា​​មាន​ប្រមាណ​ ៦០%​ អឺរ៉ុប​ជាង​២០%​ អាមេរិក​ ១៨%​ និង​មក​ពី​​តំបន់​ផ្សេងៗ​មួយ​ចំនួន​ទៀត។

ទន្ទឹម​នឹង​ការ​មក​ដល់​នូវ​ចំនួន​ទេសចរ​បរទេស​គ្រប់​ជាតិ​សាសន៍​នៅ​ កម្ពុជា​ ភ្ញៀវ​មក​ពី​កូរ៉េ​ខាង​ត្បូង​នៅ​តែ​រក្សា​ទី​តាំង​ជួរ​មុខ​គេ។ យោង​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ នៅ​ឆ្នាំ​២០០៧​នេះ​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ មាន​ចំនួន​ជិត​ ៣០០ ០០០​នាក់​បាន​មក​ទស្សនា​ នៅ​កម្ពុជា​ដែល​តាង​ឲ្យ​ ១៧%​ នៃ​ចំនួន​ទេសចរ​បរទេស​សរុប។ ខណៈ​ដែល​ជនជាតិ​ជប៉ុន​ឈរ​នៅ​លំដាប់​ទី​ពីរ​ មាន​ប្រហែល​ ១៦២ ០០០​នាក់​ចំណែក​ឯ​ជនជាតិ​អាមេរិក​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​ជិត​ ១៣៨ ០០០​នាក់។

លោក​ មឿង​ សុន​ កត់​សម្គាល់​ឃើញ​ការ​ដែល​ភ្ញៀវ​ជនជាតិ​កូរ៉េ​ មក​ទស្សនា​ប្រទេស​យើង​ច្រើន​ជាង​គេ​ ក៏​ព្រោះ​តែ​ប្រទេស​យើង​ទាំងពីរ​មាន​នយោបាយ​ល្អ​ សេដ្ឋកិច្ច​ប្រទេស​គេ​ខ្ពស់​ ធ្វើ​ឲ្យ​ប្រជាជន​គេ​មាន​លទ្ធភាព​មក​លេង​កម្ពុជា។ ជា​ពិសេស​អ្នក​ពាណិជ្ជករ​កូរ៉េ​ខាង​ត្បូង​ មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​ច្រើន​ ហើយ​បាន​ធ្វើ​​ការ​អូសទាញ​ជនជាតិ​របស់​គេ​​ទស្សនា​ស្រុក​ខ្មែរ​កាន់​តែ​ ច្រើន​ជា​រៀងរាល់​ឆ្នាំ។

ភ្ញៀវ​ទេសចរ​ដែល​មក​លេង​ស្រុក​ខ្មែរ​ភាគ​ច្រើន​ចាប់​ពី​ខែ​ តុលា​ ដល់​ខែ​ឧសភា​ ព្រោះ​ក្នុង​អំឡុង​ពេល​នោះ​អាកាសធាតុ​ល្អ​​មិន​មាន​បង្ក​ការ​លំបាក​ដល់​អ្នក ​ដំណើរ។ ដោយ​ឡែក​នៅ​ខេត្ត​សៀមរាប​ ដែល​ជា​តំបន់​ប្រជុំ​ប្រាសាទ​បុរាណ​ដ៏​ល្បាញល្បី​ក្នុង​នោះ​ប្រាសាទ​ អង្គរវត្ត​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មាន​ភ្ញៀវ​ទៅ​ទស្សនា​ច្រើន​ជាង​ គេ។ (អានបន្ថែម)