បេក្ខភាពតំណាងរាស្រ្តស្រ្តី ថយចុះក្នុងការបោះឆ្នោតអាណត្តិទី៤
ដោយ សិង្ហ មេឃា
2008-05-19
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបង្ហើបឲ្យដឹងនៅថ្ងៃ ១៦ ឧសភានេះថា បេក្ខភាពស្រ្តីពេញសិទ្ធិមានត្រឹមតែ ១៨ភាគរយប៉ុណ្ណោះសម្រាប់ការប្រកួតប្រជែងដណ្តើមអាសនៈតំណាងរាស្រ្ត ឆ្នាំ២០០៨ ខាងមុខនេះ ក្នុងចំណោមគណបក្សទាំង១១ ដែលបានចុះបញ្ជីនៅ គ.ជ.ប. ស្របពេលដែលគណបក្សសមរង្ស៊ីបានប្រកាសបេក្ខភាពស្រ្តីត្រឹមតែ ៣៣នាក់ ។
ស្ត្រីពរកូនក្នុងដៃចូលរួមបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី២ នាខែមេសា ២០០៧។
លោក អេង ឆៃអ៊ាង អគ្គលេខាធិការគណបក្សសមរង្ស៊ីទទួលស្គាល់ថា ស្រ្តីមានភាពចាំបាច់ក្នុងរដ្ឋបាលសាធារណៈ ព្រោះភាពស្មោះត្រង់បំផុតរបស់ស្រ្តី តែចំពោះបេក្ខជនតំណាងរាស្រ្តជារឿងមួយពិសេសដោយឡែក ព្រោះតំណែងនេះ ទាមទារមនុស្សដែលមានសក្តានុពល ។
លោក អេង ឆៃអ៊ាង បានឲ្យដឹងថា ៖ «ធម្មតា គណបក្សនយោបាយនីមួយៗ គឺគោលដៅរបស់គេ គឺចង់ឈ្នះឆ្នោត ដូច្នេះការរៀបចំបេក្ខជន គឺគណបក្សនយោបាយនីមួយៗ រៀបចំធ្វើម៉េចទាមទារយកបេក្ខជនដែលមានសក្តានុពលខ្លាំង ដើម្បីទៅធ្វើសកម្មភាព ទៅរកសន្លឹកឆ្នោតនៅមូលដ្ឋាន ។ ដូច្នេះ ទាក់ទងនឹងការរៀបចំបេក្ខជនតំណាងរាស្រ្តហ្នឹង ខ្ញុំមើលឃើញថា វាមិនទាក់ទង អាស្រ័យទៅលើភេទទេ ប៉ុន្តែបើក្នុងករណីរៀបចំរដ្ឋបាលរដ្ឋ គឺអាហ្នឹង បើយើងផ្តល់អាទិភាពឲ្យស្រ្តីច្រើន ជាការល្អប្រសើរជាទីបំផុត» ។
គណបក្សនេះបានផ្ញើបញ្ជីឈ្មោះបេក្ខភាពតំណាងរាស្រ្តជាស្រ្តី ត្រឹមតែ ១៤ភាគរយ ប៉ុណ្ណោះ ក្នុងចំណោមបេក្ខភាព ២៤៦នាក់ ដែលត្រូវបែងចែកទៅតាមមណ្ឌលបោះឆ្នោតទាំង ២៤ខេត្ត-ក្រុង ។
លោកជំទាវ ម៉ែន មុនីរតនា ស្ថិតក្នុងលំដាប់លេខរៀងទី៤ នៅមណ្ឌលខេត្តព្រៃវែង នៃគណបក្សសមរង្ស៊ី យល់ថា ការចូលរួមរបស់ស្រ្តីនៅក្នុងគណបក្សមានចំនួនថយចុះ ដោយសារការធ្វើនយោបាយនៅកម្ពុជាមិនអាចផ្តល់ឲ្យស្រ្តីនូវចំណូល គ្រប់គ្រាន់សម្រាប់ទប់ទល់នឹងជីវភាពគ្រួសារបាន ។
លោកជំទាវ ម៉ែន មុនីរតនា បានឲ្យដឹងថា ៖ «ធ្វើនយោបាយ ក៏រួមផ្សំទៅនឹងថវិកាដែរ ដូច្នេះដោយសារប្រទេសកម្ពុជាយើង មិនមានថវិកាគ្រប់គ្រាន់ ព្រោះស្រ្តីគាត់មិនមានការងារធ្វើ ហើយមិនមានប្រាក់កម្រៃសម្រាប់ទប់ទល់នឹងជីវភាពគ្រួសារ ដូច្នេះបានជាការចូលរួមរបស់ស្រ្តីនៅមានចំនួនតិចនៅឡើយ» ។
ការគៀងគរប្រមូលសមាជិករបស់គណបក្សសមរង្ស៊ី ដែលត្រូវគេចាត់ទុកថា ជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា មានការលំបាកបែបនេះទៅហើយ ចុះទម្រាំគណបក្សដែលទើបតែបង្កើតថ្មី រឹតតែមានភាពខ្សត់ខ្សោយក្នុងការប្រមូលសមាជិកគាំទ្រជាស្រ្តីទៅទៀត ។ នេះបើតាមសម្ដីរបស់លោក កឹម សុខា ជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សសិទ្ធិមនុស្សដែលបានត្អូញត្អែរ ។
លោក កឹម សុខា បានឲ្យដឹងថា ៖ «ប្រជាពលរដ្ឋខ្លាច ខ្លាចការគំរាមកំហែង ស្រ្តីយើងក៏លោកនៅមានភាពទន់ខ្សោយ នៅស្រុកខ្មែរយើង គេអត់ទាន់លើកទឹកចិត្តស្រ្តី អ៊ីចឹងហើយគាត់នៅមានការភ័យខ្លាចមិនសូវហ៊ានចូលរួមទេ ហ្នឹងចំណុចទីមួយ ទីពីរដោយសារបញ្ហាជីវភាព» ។
ចំណែកលោកជំទាវ ហូ ណូន តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចវិញ មិនមានការភ័យខ្លាចដូចតំណាងរាស្រ្តស្រ្តីក្នុងបក្សប្រឆាំងដទៃទៀត ទេ ។ លោកជំទាវ ធ្លាប់ទទួលលាភសក្ការៈពីបក្សនេះជាច្រើនឆ្នាំមកហើយ នៅតែមានមោទនភាពលើបក្សរបស់ខ្លួនយ៉ាងខ្លាំង ខណៈដែលបេក្ខភាពស្រ្តីក្នុងបក្សនេះមានច្រើនជាងគេ ។
លោកជំទាវ ហូ ណូន បានឲ្យដឹងថា ៖ «ចំពោះគណបក្សប្រជាជនគឺបានលើកកម្ពស់ស្រ្តីច្រើនណាស់ ហើយពិសេស គណបក្សប្រជាជនមិនតិចជាង ៣០ភាគរយទេ» ។
លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា យល់ថា ម្ចាស់ឆ្នោតភាគច្រើនជាស្រ្តី ហើយកំណើនស្រ្តីក្នុងបក្សអាចបង្កើនចំនួនសន្លឹកឆ្នោតបានផងដែរ ដូច្នេះទើបខំជ្រោមជ្រែងបញ្ចូលបេក្ខភាពស្រ្តីក្នុងការប្រកួតប្រជែង ដណ្ដើមអាសនៈអាណត្តិទី ៤ បានច្រើនជាង ៣០ភាគរយ ដូច្នេះ ស្រ្តីបានក្លាយជាក្រុមគោលដៅមួយក្នុងការប្រមូលសំឡេងឆ្នោតរបស់ បក្សលោក ជាម យៀប ។
លោក ជាម យៀប បានឲ្យដឹងថា ៖ «ខ្ញុំយល់ឃើញថា ទោះបីយ៉ាងណានៅកម្ពុជា ស្រ្តីមានច្រើនជាងបុរស អ៊ីចឹងហើយ យើងលើកទឹកចិត្តអ៊ីចឹងអាចទាក់ទាញបានមួយចំនួនដែរ» ។
សូមបញ្ជាក់ផងដែរថា ចំនួនម្ចាស់ឆ្នោតដែលបានចុះបញ្ជីបោះឆ្នោតសម្រាប់ជ្រើសតំណាងរបស់ ខ្លួនដែលពេញចិត្តនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ ដែលជាថ្ងៃកំណត់ប្រជាប្រិយភាពគណបក្ស មានចំនួន ៨.១២៤.៣៩១នាក់ ក្នុងនោះស្រ្តីមាន ៥៣ភាគរយ នេះបើតាមរបាយការណ៍របស់ គ.ជ.ប. ។
ក្រឡេកមកមើលខាងសង្គមស៊ីវិលវិញ ជាម្ចាស់ឆ្នោតមួយរូប កញ្ញា ហាក់ លីណា យល់ថា បេក្ខភាពជាស្រ្តីអាចទាក់ទាញសន្លឹកឆ្នោតបានច្រើន ដូចគ្នានឹងការតបស្នងម្ចាស់ឆ្នោតវិញ ព្រោះមានតែស្រីទេ ដែលយល់ចិត្តស្រ្តីដូចគ្នា ។
កញ្ញា ហាក់ លីណា បានឲ្យដឹងថា ៖ «ប្រសិនបើខ្ញុំបោះឆ្នោត ខ្ញុំត្រូវសម្គាល់មើលថាតើ គណបក្សមួយណា ដែលគាត់ផ្តល់បេក្ខភាពដល់ស្រ្តី ។ ខ្ញុំអាចគិតថា គាត់អាចការពារសិទ្ធិស្រ្តី ទីពីរជំរុញសិទ្ធិការពារស្រ្តីប្រឆាំងអំពើហិង្សាគ្រួសារ អំពើពុករលួយ ឬការគាបសង្កត់លើស្រ្តី ហើយគាត់លើកមកថា ខ្ញុំស្រ្តីដែរ អ៊ីចឹងខ្ញុំយល់ថា ស្រ្តីមានការភ័យខ្លាចម៉េច ស្រ្តីចង់ឲ្យបុរសលើកតម្កើងខ្លួនម៉េច?» ។
បើតាមលទ្ធផលនៃការបោះឆ្នោតកាលពីពេលកន្លងមក តំណាងរាស្រ្តស្រ្តីមានចំនួនកើនឡើងជាលំដាប់ រាប់ចាប់ពីការបោះឆ្នោត ឆ្នាំ១៩៩៣ ដែលបានជាប់ស្រ្តី ចំនួន ៥រូប និងឆ្នាំ២០០៣ ជាប់ស្រ្តី ២៣រូប ។
លោកស្រី ពុង ឈីវកេក នាយិកាអង្គការសិទ្ធិមនុស្ស លីកាដូ មានការសោកស្តាយចំពោះតួលេខស្រ្តីនៅក្នុងឆ្នាំនេះ ដែលមានការថយចុះ ហើយមានការភ័យខ្លាចចំពោះស្រ្តីពេញសិទ្ធិចំនួន ១៨ភាគរយ និងស្រ្តីបម្រុងចំនួន ២១ភាគរយ ទាំងនេះ ក្រែងមិនមានសំណាងល្អគ្រប់គ្រាន់ ។ លោកស្រីបានបង្ហាញថា កង្វះខាតបេក្ខជនស្រ្តី ក៏ជាលេសរបស់បក្សក្នុងការរារាំងកំណើនស្រ្តីនៅក្នុងរដ្ឋសភាផងដែរ ។
លោកស្រី ពុង ឈីវកេក បានឲ្យដឹងថា ៖ «យើងចង់ឲ្យប្រធានគណបក្ស នយោបាយ ដាក់ស្រ្តីឆ្លាស់គ្នា ព្រោះប្រទេសយើង ប្រព័ន្ធបោះឆ្នោតយើង យើងបោះឆ្នោតជូនគណបក្ស ហើយគណបក្សហ្នឹងជាអ្នកធ្វើបញ្ជីឈ្មោះ បើមិនដាក់ស្រ្តី មិនដាក់ខាងលើ អត់មានភ័ព្វសំណាងនឹងបានជាប់ទេ ប៉ុន្តែ ចម្លើយមកវិញ ចេះតែឆ្លើយដដែលៗពីអ្នកដឹកនាំគណបក្សថា ដោយសារខ្វះបេក្ខជនស្រ្តី ដោយសារស្រ្តីមិនសូវបានរៀនសូត្រ មិនសូវក្លាហាន មិនសូវមានអ្នកគាំទ្រពីស្វាមី ឬពីក្រុមគ្រួសារ» ។
ដំណោះស្រាយដែលអាចបង្កើនសំឡេងស្រ្តីនៅក្នុងសង្គម មានតែការគាំទ្រលើកទឹកចិត្តទាំងអស់គ្នា និងត្រូវការពេលវេលាជាច្រើនទៀត ទើបអាចផ្លាស់ប្តូរតួនាទីស្រ្តីនៅក្នុងសង្គមបាន ។ នេះជាការយល់ឃើញរបស់លោកស្រី ពុង ឈីវកេក ។
លោកស្រី ពុង ឈីវកេក បានឲ្យដឹងថា ៖ «រឿងដដែលៗ ដូច្នេះហើយបានយើងថា យើងខំប្រឹងធ្វើម៉េចលើកទឹកចិត្តស្រ្តី ឲ្យស្រ្តីទុកចិត្តខ្លួនឯង មានសេចក្តីក្លាហាន ហើយយើងសុំឲ្យបុរសជាស្វាមីជួយជំរុញភរិយាផង បើកាលណាស្វាមីមិនជំរុញឲ្យអស់ពីដៃ ភរិយាអត់ហ៊ានទៅ ។ រឿងហ្នឹងជារឿង ដូចថា ទំនៀមទម្លាប់យើងផង ហើយការអប់រំរបស់ស្រ្តី ហើយខ្វះការគាំទ្រទៀត» ៕